ឯកឧត្តម ទេព អស្នារិទ្ធ ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ នៅមន្ទីរព័ត៌មានខេត្តសៀមរាប
ខេត្តសៀមរាប៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ ដើម្បីពង្រឹងសមត្ថភាព និងវិជ្ជាជីវៈមន្ត្រីព័ត៌មានក្នុងការប្រមូល វិភាគ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងការតាមដានសាធារណមតិឱ្យបានទាន់ពេលវេលា និងជំរុញយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។
នៅមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខត្តទទួលបន្ទុករួម បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងារបានអនុវត្តការងារប្រមូលព័ត៌មានវិជ្ជមានបានចំនួន ២ ៤៦២ករណី និងដំណឹងរសើបចំនួន ៤៦៣ករណី។ ក្នុងនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយឆ្លើយតប បកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានចំនួន ៤៨ករណី និងសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីបង្គោលក្រុងស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពក្នុងខេត្តចំនួន ៣២៧រូប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបំពេញតួនាទីជាសេនាធិការលើវិស័យព័ត៌មាន និងសាធារណមតិ ជាពិសេសការចងក្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ស្រុក និងឃុំសង្កាត់។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយ បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ឱ្យបានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមន្ទីរ បន្តផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមចំណែកបង្កើតខែលការពារសុវត្ថិភាពព័ត៌មាន និងកសាងសង្គមមួយដែលមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន៕SRP
អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ