ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់​ពីដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ សម្ដេច​ហ៊ុន ម៉ាណែត នៅ​ប្រទេសចិន

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់​ពីដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ សម្ដេច​ហ៊ុន ម៉ាណែត នៅ​ប្រទេសចិន
0

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់​ពីដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ សម្ដេច​ហ៊ុន ម៉ាណែត នៅ​ប្រទេសចិន

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធាន​ក្រុមអ្នកនាំពាក្យ​របស់​នាយករដ្ឋមន្ត្រី បាន​ផ្តល់​សេចក្តី​សង្ខេប​ព័ត៌មាន​អំពី​ដំណើរ​អញ្ជើញ​បំពេញ​ទស្សន​កិច្ចការងារ នៅប្រទេសចិន របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាសនោះ, ឯកឧត្តម មាស សុភ័ណ្ឌ បាន​បញ្ជាក់ថា តប​តាមការអញ្ជើញ​របស់រដ្ឋាភិបាល​នៃសាធារណរដ្ឋ​ប្រជាមានិតចិន សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅប្រទេសចិន ចាប់​ពីថ្ងៃ​ទី​១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ទស្សនកិច្ច​ការងារ​នេះ គូស​បញ្ជាក់​ពី​ការប្តេជ្ញា​រួមគ្នា​រវាងកម្ពុជា និងចិន ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវចំណង​មិត្តភាព​ដ៏យូរអង្វែង និងជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ លើក​កម្ពស់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និង​​ការកសាង​សហគមន៍​វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបន្តថា សម្ដេចធិបតី នឹងអញ្ជើញចូលរួម​ថ្លែង​សុន្ទរកថា ក្នុងពិធីបើកសន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាព​ជាដៃគូក្នុង​ក្របខ័ណ្ឌ​បញ្ញាសិប្បនិម្មិត ដើម្បី​អនាគតកាន់​តែ​ត្រចះត្រចង់» នៅ​ទីក្រុង​សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា សម្តេចធិបតី​នឹងជួបសម្តែង​ការគួរសម​ចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន និង​ជួបពិភាក្សា​​ទ្វេភាគី​​ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ បន្ថែម​ពីកម្មវិធី​ខាងលេី, សម្ដេចធិបតី​​ក៏នឹង​​ទទួល​ជួប​តំណាង​​ធុរជនចិន​​សំខាន់ៗ​ជាច្រើន​ផងដែរ។

ទន្ទឹមនឹងនេះ, ឯកឧត្តម មាស សុភ័ណ្ឌ ក៏បានរំលេច​ផងដែរថា គណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល ដែល​អញ្ជើញ​អមដំណើរ​សម្ដេចធិបតី នាឱកាសនោះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ជាទីបញ្ចប់, ឯកឧត្តម មាស សុភ័ណ្ឌបានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​មាតុភូមិ​និវត្តន៍​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​វិញ នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាង​មុខ​នេះ៕SRP