ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ក្រោយវាយធ្វើបាយ បង្ខាំងស្រ្តីមេម៉ាយបម្រើនៅក្នុងផ្ទះយ៉ាងសាហាវឃោឃៅ

ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ក្រោយវាយធ្វើបាយ បង្ខាំងស្រ្តីមេម៉ាយបម្រើនៅក្នុងផ្ទះយ៉ាងសាហាវឃោឃៅ
0

ចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ក្រោយវាយធ្វើបាយ បង្ខាំងស្រ្តីមេម៉ាយបម្រើនៅក្នុងផ្ទះយ៉ាងសាហាវឃោឃៅ

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦បានចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។

ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

ក្រោយទទួលបានបណ្តឹងពីស្រ្តីរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរតាមនីតិវិធី។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឲ្យដឹងទៀតថា ថ្ងៃមួយជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យបានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើរជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរសព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗ តាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថាជនរងគ្រោះយកទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។

ក្រោយមកនៅវេលាម៉ោង ៤ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះ មានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រី នៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបន្តថា ក្រោយឃាត់ខ្លួននិងសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយសារខឹងនឹងជនរងគ្រោះយកទូរសព្ទដែលជនជាតិចិន ជាសង្សាររបស់ខ្លួនយកទៅលក់យកលុយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីនេះក៏ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តនិងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនិតិវិធី៕SRP