អាជ្ញាធរខេត្តសៀមរាប និងJICA បន្តកិច្ចប្រជុំជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាប និងJICA បន្តកិច្ចប្រជុំជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតពលរដ្ឋ
0

អាជ្ញាធរខេត្តសៀមរាប និងJICA បន្តកិច្ចប្រជុំជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតពលរដ្ឋ

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ  បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បើកឱកាសឱ្យរដ្ឋ និងឯកជនពិភាក្សាប្រមូលធាតុចូល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងកិច្ចប្រជុំនេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារ JICA ដែលបានរួមចំណែកជំរុញការអភិវឌ្ឍទីក្រុងសៀមរាប តាមរយៈការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន ១០ ក្នុងដំណាក់កាលទី១ ដែលទទួលបានលទ្ធផលជោគជ័យ។ សម្រាប់ដំណាក់កាលទី២ រដ្ឋបាលខេត្តមានទិសដៅបន្តអនុវត្តគម្រោងឆ្លាតវៃចំនួន ៨បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រែក្លាយក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព។

លោក សំកុល សុចិត្រា បានលើកឡើងថា វេទិកាទីក្រុងឆ្លាតវៃសៀមរាប គឺជាយន្តការដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង និងកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នានាំយកបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ មកចូលរួមអភិវឌ្ឍទីក្រុងបេតិកភណ្ឌទេសចរណ៍មួយនេះ ឱ្យកាន់តែទំនើប មានផាសុកភាព និងមានសុវត្ថិភាពខ្ពស់។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ខេត្តសៀមរាប ក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាត មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការទាក់ទាញការវិនិយោគ វិស័យទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងរបស់ខេត្តនៅក្នុងតំបន់ផងដែរ។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា ក៏បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលដឹកនាំទីក្រុងឆ្លាត និងរដ្ឋបាលខេត្ត ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយក្រុមការងារបច្ចេកទេសរបស់ JICA ដើម្បីជំរុញការអនុវត្តគម្រោងដំណាក់កាលទី២ នេះឱ្យបានជាក់លាក់ និងលេចចេញជាលទ្ធផលពិតប្រាកដ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងរៀបចំឯកសារយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថាខេត្តសៀមរាប នឹងក្លាយជាគំរូទីក្រុងឆ្លាតដ៏លេចធ្លោមួយនៅក្នុងតំបន់នាពេលឆាប់ៗខាងមុខ។

គួរឱ្យដឹងថា គម្រោងទីក្រុងឆ្លាតសៀមរាប គឺជារូបភាពពិតនៃការធ្វើទំនើបកម្មទីក្រុងបេតិកភណ្ឌទេសចរណ៍ ដោយបំប្លែងបច្ចេកវិទ្យាឱ្យទៅជាឧបករណ៍បម្រើដល់ផលប្រយោជន៍ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន៕SRP

អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ