អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលស្រុកអង្គរជុំ ពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារជាអាទិភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលស្រុកអង្គរជុំ ពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារជាអាទិភាព
0

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលស្រុកអង្គរជុំ ពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារជាអាទិភាព

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលស្រុកអង្គរជុំ ឱ្យបន្តពង្រឹងកិច្ចសហការផ្ទៃក្នុងឱ្យកាន់តែជិតស្និទ្ធ និងត្រូវអនុវត្តការងារតាមតួនាទី ភារកិច្ចដែលកំណត់ដោយច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

លោកជំរុញបែបនេះក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកអង្គរជុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

លោក យុន លីនណេ មានប្រសាសន៍ថា អភិបាលរងស្រុកថ្មី ២រូប ដែលប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺដើម្បីជំរុញនូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង ជំរុញការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការប្រកាសនេះ គឺធ្វើឡើងស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ដែលចែងថា «អភិបាលរង ត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅក្នុងរដ្ឋបាលនៃដែនសមត្ថកិច្ចមួយទៀត នៅពេលដែលសាមីខ្លួនបានបំពេញ ការងារបាន ២អាណត្តិ រួចហើយ។

លោកជឿជាក់ថា អភិបាលរងស្រុក ដែលទើបទទួលបានការតែងតាំងថ្មី នឹងបន្តរួមគ្នាខិតខំក្នុងការដឹកនាំ និងគ្រប់គ្រង រដ្ឋបាលស្រុកអង្គរជុំ ជាមួយថ្នាក់ដឹកនាំគ្រប់ជំនាញក្នុងស្រុក ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយត្រូវខិតខំប្រមូលផ្តុំកម្លាំងសរុប វិធានការសរុប សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេសត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ បម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរស្រុក បន្តរួមគ្នាថែរក្សាការពារសន្តិភាព លើកកម្ពស់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក ដោយជំរុញការ ផ្សព្វផ្សាយនូវលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ជាពិសេសខិតខំអនុវត្តកម្មវិធីកំណែទម្រង់នានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក ថាន់ ហឹក អភិបាលរងស្រុកពួក និង លោកស្រី ចាន់ វ៉ុន អភិបាលរងស្រុកក្រឡាញ់ បានបញ្ចប់អាណត្តិបំពេញការងាររយៈពេល ២អាណត្តិ ត្រូវបានក្រសួងមហាផ្ទៃសម្រេចចេញប្រកាសផ្ទេរភារកិច្ចជាអភិបាលរងស្រុកអង្គរជុំ ខណៈដែលអភិបាលរងស្រុកអង្គរជុំ ២រូប ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលស្រុកអង្គរធំ និងរដ្ឋបាលស្រុកស្រីស្នំ៕SRP

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ