អភិបាលរងស្រុកពួកថ្មី ប្ដេជ្ញាពង្រឹងសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ
លោកស្រី រឿន គីណា អភិបាលរងស្រុកបន្ទាយស្រី ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចទៅជាអភិបាលរងស្រុកពួក នឹងប្រកាសជាផ្លូវការនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមវត្តមានចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ជាមួយនឹងការផ្ទេរភារកិច្ចនេះ លោកស្រី រឿន គីណា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញតួនាទី និងភារកិច្ចដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ជាពិសេសប្ដេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ត្រូវប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តន៍តាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារស្រុកពួក មានការអភិវឌ្ឍរីកចម្រើនបន្ថែម និងកិច្ចសហប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយមន្ទីរអង្គភាព រដ្ឋបាលស្រុក ឃុំ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួល ខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ស្រុក ឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវ សមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។
លោក អុឹង គឹមលាង ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ផ្តល់ការគាំទ្រដល់អភិបាលរងស្រុកថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកពួក ឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។ ជាមួយគ្នានេះ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់លើការវិវត្តថ្មីៗរបស់បច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីយកមកប្រើប្រាស់ជាឧបករណ៍ជំនួយក្នុងការបង្កើនប្រសិទ្ធភាពការងារ កែលម្អការផ្តល់សេវាសាធារណៈ ពង្រឹងការគ្រប់គ្រងព័ត៌មាន និងជំរុញការច្នៃប្រឌិតថ្មីៗក្នុងការបំពេញតួនាទី ភារកិច្ចឱ្យកាន់តែឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃសង្គមឌីជីថល។
ជាពិសេស ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឱ្យបានស្អិតល្មួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឱ្យស្រុកពួក មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕SRP
អត្ថបទ និងរូបភាព៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

