ការសងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបានប្រមាណ90%

ការសងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបានប្រមាណ90%
0

ការសងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបានប្រមាណ90%

អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី23 ខែមិថុនា ឆ្នាំ2026 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) សម្រេចបានប្រមាណជាង90% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ​ 2026 ខាងមុខ។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម អ៊ុន បានថ្លែងថា​ ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ជាង​ ធ្វើការ​សាងសង់​អគាររដ្ឋបាលថ្មីនេះ​ ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ការ​គ្រោង​ទុក​។

ឯកឧត្តមអភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យ​បាន​ឆាប់​រួចរាល់​​ ដេីម្បី​រៀបចំពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅចុងឆ្ឆ្នាំ 2026។

បើតាមលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណ 90% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​មួយនេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ដោយមានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគាររដ្ឋបាលថ្មី នេះ រដ្ឋបាលសាលាខេត្តកំពង់ចាម ក៏មានអគារ, សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានបន្សល់ទុកតាំងពីជំនាន់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជាអភិបាលខេត្ត ដោយសំណង់មួយចំនួន ត្រូវបានធ្វើការជួសជុល កែលម្អ ឲ្យមានសោភ័ណភាព និងគុណភាព ដើម្បីទុកសម្រាប់មន្ត្រី​បម្រើ​ការងាររហូតមកដល់បច្ចុប្បន្ននេះ៕SRP