មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់អ្នកផលិតមាតិកា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម
ខេត្តសៀមរាប៖លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្ត បានអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត នឹងត្រូវចៀសវាងដាច់ខាតនូវការចែកចាយព័ត៌មានក្លែងក្លាយ (Fake News) ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម។
លោកអំពាវនាវបែបនេះក្នុងជំនួបជួបសំណេះសំណាលជាមួយបងប្អូនអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
លោក យឿន ចាន់ បានលើកឡើងថា ការផ្សព្វផ្សាយក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាសំខាន់ និងជាផ្នែកមួយនៃការលើកស្ទួយសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលអាចទាក់ទាញប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឬក្រៅមូលដ្ឋាន ដើម្បីទទួលបាននូវផលប្រយោជន៍ ក៏ដូចជាផ្ដល់គំនិត និងឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការបង្កើតមុខរបរអាជីវកម្ម សិប្បកម្ម ឬកសិកម្មជាដើម ហើយវាក៏ជួយផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ។
លោកបន្តថា នៅក្នុងការផលិតមាតិកា គោលបំណងចម្បង គឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង បំផុសគំនិតបង្កើតការងារដោយខ្លួនឯង ក៏ដូចជាជួយបង្កើនការងារដល់ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានផងដែរ ជាពិសេសវាក៏រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលនូវផលិតផលក្រៅស្រុកផងដែរ។ ក្នុងខែកក្កដាខាងមុខ លោកក៏បានស្នើសុំដល់អ្នកផលិតមាតិកាទាំងអស់ក្នុងខេត្ត ចូលរួមនូវយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះ ក្នុងកិច្ចការជំរុញបន្ថែមឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីអ្វីដែលជាព័ត៌មានពិត ឬមិនពិត។
លោកអនុប្រធានមន្ទីរ ក៏សូមថ្លែងអំណរគុណដល់ប្អូនអ្នកផលិតមាតិកាទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្សព្វផ្សាយមាតិកាល្អៗ និងសមិទ្ធផលរបស់ខេត្តសៀមរាប និងបានជំរុញបន្ថែមឱ្យមានកិច្ចសហការជាមួយមន្ទីរព័ត៌មាន ដើម្បីពង្រឹងឥទ្ធិពលនៃការផ្សព្វផ្សាយមាតិកាល្អៗជូនដល់តម្រូវការប្រជាពលរដ្ឋ និងសាធារណជនទូទៅផងដែរ៕SRP
អត្ថបទ និងរូបភាព៖ លោក ជា សុវណ្ណពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

