អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រីទប់ស្កាត់ឱ្យបានជាដាច់ខាតស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានដាស់តឿនដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ឱ្យបានជាដាច់ខាតមិនឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឡើយ។
ឯកឧត្តមបានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ និងសំណូមពរដល់កម្លាំងពាក់ព័ន្ធទាំងអស់រួមមានវីរ:នគរបាលការពារព្រំដែនគោក កងកម្លាំងយោធាដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនត្រូវជួយពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត។
ជាមួយគ្នានោះឯកឧត្តម បានណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវ ចុះពិនិត្យជាប្រចាំបង្រ្កាបរាល់ទំនិញខុសច្បាប់ពីប្រទេសថៃនៅតាមទី តាំងដែលមានការរក្សាទុក និងចែកចាយផ្សេងៗ…។
ឯកឧត្តម បានក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបំផុសស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបន្តចូលរួមពហិកាទំនិញថៃ និងរួបរួមគ្នាចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល។
ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែឧសភានិងលើកទិសដៅការងារអនុវត្តន៍បន្ត
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៊
នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានរំឭកអំពីប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាដោយសង្កត់ធ្ងន់ថាទំនិញដែលចូលមកតាមព្រំដែនគោកគឺសុទ្ធតែជាទំនិញខុសច្បាប់ទាំងអស់ព្រោះច្រកទ្វារព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃត្រូវបានបិទទាំងស្រុងកាលពីឆ្នាំ២០២៥។
សូមជម្រាបថា ក្នុងរយៈពេលពេញមួយខែកន្លងមកនេះសភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីកត់សម្គាល់ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។ ចំពោះបទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕SRP

