ដាំកូនឈើចំនួន២ពាន់ដើម ដាំកូនឈើព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន
ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងកម្មវិធីដាំកូនឈើព្រៃលិចទឹកចំនួនសរុប ២០០០ដើម នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត លោក ធីន នីសុធី នាយរងខណ្ឌជលផល ព្រមទាំង លោក ស៊ីន សុថុល អភិបាលស្រុកពួក និងនាយកអង្គការរស់នៅ និងសិក្សានៅកម្ពុជា លោក ស៊ូ សុជាតិ និងមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ ក្រុមការងារពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំណាងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ព្រឹត្តិការណ៍មានសារៈសំខាន់នេះ ត្រូវបានរៀបចំដោយអង្គការរស់នៅ និងសិក្សានៅកម្ពុជា (Live and Learn Cambodia) ក្រោមការឧបត្ថម្ភថវិការពីប្រទេសអៀរឡង់ តាមរយៈអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅកម្ពុជាយូរមកហើយ។ ក្នុងឱកាសនោះ កូនឈើចំនួនសរុប ២០០០ដើម ដែលរួមមានពូជឈើរាំង កន្សែង និងម្តេញ ត្រូវបានដាំលើផ្ទៃដីប្រមាណ ២ ហិកតា។ ពូជឈើទាំងនេះ ជាប្រភេទឈើមានសារៈសំខាន់សម្រាប់តំបន់ព្រៃលិចទឹក ដែលអាចជួយរក្សាសមតុល្យអេកូឡូស៊ី ផ្ដល់ជាអាហារនិងជាមូលដ្ឋានសម្រាប់សត្វព្រៃ និងសត្វទឹកជាច្រើនប្រភេទ។
ថ្លែងក្នុងកម្មវិធី លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងការអភិរក្សព្រៃលិចទឹក ដែលជាធនធានធម្មជាតិសំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅតាមដងបឹងទន្លេសាប។
លោកបានបញ្ជាក់ថា ការដាំដើមឈើមិនត្រឹមតែជួយស្តារព្រៃដែលត្រូវបានបំផ្លាញឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនៃសីតុណ្ហភាព និងការប្រែប្រួលទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ អង្គការរៀបចំកម្មវិធី និងដៃគូអភិវឌ្ឍន៍ បានសម្ដែងការប្តេជ្ញាចិត្តបន្តគាំទ្រកម្មវិធីបរិស្ថានបែបនេះ ដើម្បីជួយស្តារ និងរក្សាទុកធនធានធម្មជាតិឱ្យបាននិរន្តរភាព។ ការចូលរួមពីសហគមន៍មូលដ្ឋាន ត្រូវបានចាត់ទុកថាជាចំណុចសំខាន់បំផុត ដើម្បីធានាថាកូនឈើដែលបានដាំអាចលូតលាស់ល្អ និងក្លាយជាព្រៃសម្បូរបែបឡើងវិញនាពេលអនាគត។
ជាលទ្ធផល កម្មវិធីដាំកូនឈើព្រៃលិចទឹកនេះ គឺជាភស្តុតាងនៃការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ អង្គការដៃគូ និងប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ វាបានបង្ហាញពីការយល់ដឹងកាន់តែខ្ពស់អំពីសារៈសំខាន់នៃព្រៃលិចទឹក និងតួនាទីរបស់វាក្នុងការរក្សាសមតុល្យបរិស្ថាន ក៏ដូចជាការការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕SRP

