ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ
0

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់
ករណីនាំចូលសាច់បង្កកពីប្រទេសថៃ

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនមនុស្សចំនួន ៤នាក់ ជាបណ្ដោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ពាក់ព័ន្ធទៅនឹងករណីនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានប្រាប់BTVឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤១ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទ៖

១.ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ ៤៦ឆ្នាំ

២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ ២៣ឆ្នាំ

៣.ឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ

ត្រូវបាន​ចោទ​ប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផល មិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ, ក្លែងបន្លំ​ដើមកំណើត​ទំនិញ និងការនាំចូលទំនិញដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាម​មាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយប្រព្រឹត្តនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

ចំណែកសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំត្រូវបាន​ចោទ​ប្រកាន់ពីបទ ការប្រព្រឹត្ត​អំពើក្លែងបន្លំ​ដើមកំណើត​ទំនិញ, ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាមមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងមាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, និងមាត្រា ៣១ នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញប្រព្រឹត្តនៅចំណុចផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕SRP