អុជធូកចោលចេញទៅក្រៅបណ្ដាលឱ្យឆេះផ្ទះ
ខេត្តសៀមរាប៖ផ្ទះល្វែងមួយកន្លែងបានរងការឆាបឆេះកាលពីព្រឹកមិញនេះ។
ហេតុការណ៍បានកើតឡើង នៅម៉ោង១១និង១៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១ នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
អគ្គិភ័យនេះ ផ្ទះល្វែង ០១ល្វែងជាន់ផ្ទាល់ដីដំបូលប្រក់ស័ង្កសី ទំហំ ០៥ម៉ែត្រ គុណ ១០ម៉ែត្រ ដែលមានម្ចាស់ទីតាំង ឈ្មោះ ពៅ ប៊ុនរ៉េន ភេទ ប្រុស អាយុ៦៥ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីកើតហេតុ ក្រុមពន្លត់អគ្គីភ័យ បានប្រតិបត្តិការពន្លត់អណ្តាតភ្លើងរលត់អស់ទៅវិញនៅម៉ោង១២ថ្ងៃត្រង់ ដោយប្រើប្រាស់ឡានទឹករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង កងរាជអាវុធហត្ថខេត្តសៀមរាប១គ្រឿង។ ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិត ឬបង្កឲមានស្នាមរបួស ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះឡើយ ប៉ុន្តែបានបណ្ដាលឱ្យសម្ភារៈ ឆេះតែខោអាវមួយចំនួន កង្ហារភ្ជាប់ជញ្ជាំង០១គ្រឿង សាឡុងពូកខ្លីចំនួន១ គ្រែចំនួន ០១ ពូកទទឹង១៨០ស.មបណ្តាយ២ម៉ែត្រ កុងម៉ា ចំនួន ០២ ក្នុងនោះអគារគឺមិនមានបាក់រលំ ឬប្រេះនោះទេ។ តាមការសន្និដ្ឋានបឋម គឺបណ្តាលមកពី អុជធូកចោល ហើយជិះយកម្ហូបឲ្យកូននៅផ្សារចាស់ ទើបបណ្តាយអោយឆេះផ្ទះបែបនេះ៕SRP

