ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ
ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមចូលចិត្តពិសារផ្លែទុរេនទាំងអស់ លែងត្រូវព្រួយបារម្ភចំពោះការទិញប៉ះចំទុរេនក្លែងបន្លំថាជា «ទុរេនបែកអន្លូង» ទៀតហើយ។ នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពសហគមន៍ ទុរេនបែកអន្លូង ជាមួយតំណាងក្រសួង ពាណិជ្ជកម្ម និងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួនពីរគឺ៖
១-ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា)៖ ធានាការពារឈ្មោះ និងកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។
២-វិញ្ញាបនបត្រ CamGAP (សំគាល់ទីតាំងចម្ការ)៖ ជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្តង់ដារកសិកម្មល្អរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។
ឯកឧត្តម អភិបាលខេត្ត បន្តថា ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញ សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសំគាល់ ម៉ាកសមូហភាព និងប័ណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ៕SRP

