អាជ្ញាធរក្រុងសៀមរាប ចុះពង្រឹងសណ្ដាប់ធ្នាប់នៅតំបន់ Pub Street ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសសង្ក្រាន្តសៀមរាប
ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត (Pub Street) ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងមានរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នាពេលដ៏ខ្លីខាងមុខនេះ។
លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានបញ្ជាក់ថា ការចុះរៀបចំនេះផ្តោតសំខាន់ទៅលើបញ្ហាសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ចំពោះការលក់ដូរ ការដាក់តាំងសម្ភារផ្សេងលើដីចំណីផ្លូវ ព្រោះថានៅក្នុងតំបន់ផប់ស្ទ្រីតនេះ ជាបណ្តុំភ្ញៀវទេសចរដែលមកកម្សាន្តសប្បាយនៅពេលរាត្រី ហើយក៏ជាកន្លែងដ៏សំខាន់របស់ខេត្តសៀមរាប ក្រៅពីប្រាសាទ និងតំបន់កម្សាន្តផ្សេងទៀត ដូច្នេះការរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ គឺជារឿងចាំបាច់បំផុត។
លោក ហាយ យង់ បានបញ្ជាក់ទៀតថា មុននឹងឈានដល់ការចុះអនុវត្តនាពេលនេះ អាជ្ញាធរក្រុងបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱសានវាទជាមួយម្ចាស់អាជីវកម្មតាំងពីថ្ងៃទី៩ ខែមេសាម្ល៉េះ ហើយការចុះអនុវត្តនៅថ្ងៃនេះ គឺធ្វើឡើងក្នុងស្មារតីទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាការដាក់តាំងសម្ភារលក់ដូរដែលធ្វើឱ្យបាត់បង់ផ្លូវថ្មើរជើង រៀបចំការចតនៅតាមចិញ្ចើមផ្លូវឱ្យមានរបៀបរៀបរយ ជៀសវាងការកកស្ទះ ជាពីសេសបញ្ហាសុវត្ថិភាព និងអនាម័យ ដោយត្រូវធានាថាគ្រប់ទីតាំងទាំងអស់មានបរិស្ថានស្អាត និងសុវត្ថិភាពសម្រាប់អ្នកដើរកម្សាន្ត។
លោកអភិបាលរងក្រុង ក៏បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ មេត្តាផ្តល់កិច្ចសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ការចូលរួមរបស់អាជីវករ មិនត្រឹមតែជួយឱ្យទីក្រុងមានសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់បងប្អូនផ្ទាល់ និងសម្រាប់ខេត្តសៀមរាបទាំងមូលផងដែរ៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

