អាជ្ញាធរខេត្តសៀមរាប បង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន Yunnan Investment Holding Group ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

អាជ្ញាធរខេត្តសៀមរាប បង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន Yunnan Investment Holding Group ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច
0

អាជ្ញាធរខេត្តសៀមរាប បង្ហាញការគាំទ្រពេញទំហឹងចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន Yunnan Investment Holding Group ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Yunnan Investment Holding Group ដោយផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយរដ្ឋបាលខេត្តនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការការពង្រឹងសន្តិសុខសាធារណៈ ការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ និងការកែលម្អបរិស្ថាន ព្រមទាំងធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនីឱ្យបានរលូន ដើម្បីគាំទ្រដល់ប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពផ្សេងៗ ជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអ្នកសារព័ត៌មានចិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា រដ្ឋបាលខេត្តនឹងគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណា តាមរយៈក្រុមហ៊ុន ក្នុងការបង្កើនកំណើនភ្ញៀវទេសចរជនជាតិចិន មកកាន់ខេត្តសៀមរាប និងជំរុញឱ្យមានការ ហោះហើរផ្ទាល់រវាងខេត្ត-ក្រុងទាំងពីរ។ លោកក៏បានសំណូមពរដល់គណៈប្រតិភូសមាគមអ្នកសារព័ត៌មានចិន ជួយផ្សព្វផ្សាយអំពីសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងតំបន់ទេសចរណ៍ដ៏សម្បូរបែបក្នុងខេត្ត និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា រំលេចនូវរូបភាពការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក ជាពិសេសទៅកាន់ប្រជាជនចិន និងការការផ្លាស់ប្ដូរបទពិសោធន៍ បណ្តុះបណ្តាលសមត្ថភាពអ្នកសារព័ត៌មាន បង្កើតមាតិកាផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកអភិបាលរងខេត្ត បានបង្ហាញថា ខេត្តសៀមរាបជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត/ក្រុង ចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាព រដ្ឋាភិបាលចិន បានផ្តល់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស បច្ចេកទេសជួយជួសជុលប្រាសាទបុរាណខ្មែរ ចំនួន២ នៅក្នុងតំបន់អង្គរគឺ ប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ដែលមកដល់ពេលនេះបានបញ្ចប់ ជាស្ថាពរ ហើយក៏បានគ្រោងក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបេងមាលា នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោក ជុង យ៉ាន (Zhong Yan) ប្រធានការិយាល័យអនុវត្តគម្រោង នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកសារព័ត៌មានចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់អាជ្ញាធរខេត្តសៀមរាប។ លោកបានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបានយ៉ាងល្អប្រសើរនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ខេត្តសៀមរាប។ លោកថាស្របពេលការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា យើងក៏ត្រូវការប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទាកទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។

លោកបានបញ្ជាក់ថា នៅឆ្នាំ២០២៧ខានមុខ «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» គ្រោងនឹងរៀបចំនៅប្រទេសកម្ពុជា។ វេទិកានេះត្រូវបានរៀបចំដោយសមាគមអ្នកសារព័ត៌មានចិន ដែលមានសមាជិករបស់ខ្លួនរហូតដល់ជាង ១លាននាក់។ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិ មកពីជុំវិញពិភពលោកចូលរួម។ លោកក៏បានបង្ហាញបំណងចង់សិក្សាលទ្ធភាពរៀបចំកិច្ចប្រជុំ ឬវេទិកាសារព័ត៌មានអន្តរជាតិមួយនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៧ ដោយលោកមើលឃើញថា កម្ពុជាគឺជាទីតាំងដ៏សមស្រប។ កម្មវិធីនេះអាចរៀបចំជាកិច្ចប្រជុំរយៈពេលមួយថ្ងៃ និងដំណើរទស្សនកិច្ចសិក្សារយៈពេលពីរថ្ងៃ សម្រាប់អ្នកសារព័ត៌មានមកពីតំបន់ និងបណ្ដាប្រទេសនានាលើពិភពលោក ដើម្បីស្វែងយល់ពីកម្ពុជា និងខេត្តសៀមរាបអំពីទេសចរណ៍ វប្បធម៌ និងបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសារព័ត៌មានផងដែរ៕SRP

អត្ថបទ៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ