អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធត្រូវទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះបញ្ហាអ្នកសុំទាននៅតំបន់ភ្នំគូលែន ជៀសវាងការរំខានដល់ភ្ញៀវទេសចរ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធត្រូវទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះបញ្ហាអ្នកសុំទាននៅតំបន់ភ្នំគូលែន ជៀសវាងការរំខានដល់ភ្ញៀវទេសចរ
0

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធត្រូវទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះបញ្ហាអ្នកសុំទាននៅតំបន់ភ្នំគូលែន ជៀសវាងការរំខានដល់ភ្ញៀវទេសចរ

លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃនេះ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងដោះស្រាយបញ្ហានៃការគ្រប់គ្រងសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំ ភ្នំគូលែន ជំរុញធ្វើយ៉ាងណាពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យកាន់តែមានរបៀបរៀបរយ និងមានភាពទាក់ទាញ។

ផ្ដោតលើបញ្ហានេះ លោក ឌុច គឹមដម បានជំរុញឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋានឃុំខ្នងភ្នំ និងកងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅតំបន់ខាងលើនេះ ត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត ជៀសវាងការឱ្យមានសកម្មភាពរំខានដល់ភ្ញៀវទេសចរ។ ពិតណាស់ ការចុះរៀបចំសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំភ្នំគូលែននាពេលនេះ គឺជាកិច្ចការងារអាទិភាពមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់នូវភាពកក់ក្ដៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់នេះ។

លោកបានបន្តថា ការចុះមកដល់ទីតាំងផ្ទាល់នាពេលនេះ មិនត្រឹមតែចុះមកដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែយើងពិនិត្យមើលស្ថានភាពជាក់ស្ដែង និងស្វែងរកដំណោះស្រាយសមស្របមួយ ដែលធានាបានទាំងសណ្ដាប់ធ្នាប់សាធារណៈផង និងការយោគយល់ផ្នែកមនុស្សធម៌ផង ធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍ដ៏វិសុទ្ធរបស់យើងនៅតែរក្សាបាននូវភាពថ្លៃថ្នូរ និងសោភ័ណភាពជានិច្ច។ ក្នុងន័យនេះ លោកក៏បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីតាមដាន និងគ្រប់គ្រងបញ្ហានេះឱ្យមានប្រសិទ្ធភាពយូរអង្វែង ដែលជាផ្នែកមួយក្នុងការថែរក្សាមុខមាត់របស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការជំរុញឱ្យពង្រឹងការងារគ្រប់គ្រង និងរៀបចំសណ្ដាប់ធ្នាប់នេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានអ្នកសុំទាននៅតាមចំណុចតំបន់ទាក់ទាញទេសចរណ៍សំខាន់ៗលើខ្នងភ្នំគូលែន បានបង្កជាភាពអនាធិបតេយ្យ និងអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្ត៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប