នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ឆ្នាំ២០២៦ នេះ ជាការអនុវត្តលើកដំបូង និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃបើកវគ្គបណ្ដុះបណ្ដាលយោធិនកាតព្វកិច្ចវគ្គដំបូងនេះ គឺព្រោះថា ថ្ងៃនេះ ម្យ៉ាងជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ និងម្យ៉ាងទៀត ជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជន ដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យមានមនសិការស្នេហាជាតិមាតុភុមិ, ចេះស្រឡាញ់ និងការពារជាតិមាតុភូមិ, គោរពច្បាប់, មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ចនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្អូនៗទាំងអស់ រួមមាន៖ ១. ទទួលបានឱកាសបម្រើជាតិមាតុភូមិ, ២. ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម ទាំងជំនាញទន់ និងជំនាញរឹង ក្នុងអំឡុងពេលហ្វឹកហ្វឺន, ៣. ទទួលបានឱកាសអភិវឌ្ឍខ្លួនក្លាយជាធនធានដ៏ល្អក្នុងសង្គម ប្រកបដោយវិន័យ, ការទទួលខុសត្រូវ, របៀបរបបការងារ និងភាពជាអ្នកដឹកនាំ, ៤. ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា, និង ៥. មានឈ្មោះក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ ព្រមទាំងទទួលបានអាទិភាពក្នុងការក្លាយជាយោធិនអាជីព ផ្អែកលើការពិនិត្យ និងវាយតម្លៃ ជាក់ស្ដែង។
សម្ដេចធិបតី បានបន្តទៀតថា ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះការបំពេញកាតព្វកិច្ចយោធា គឺជាកិត្តិយស, មិនមែនជាបន្ទុក ហើយមិនត្រូវចាត់ទុកថាជាការចំណាយនោះទេ ប៉ុន្តែជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងការប្រែក្លាយខ្លួនជាធនធានដ៏មានតម្លៃរបស់ជាតិ។ សម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់យោធិនកាតព្វកិច្ចថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីមួយ ដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់, ការអត់ធ្មត់ខ្ពស់, ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក, ភាពនឿយហត់ និងត្រូវផ្លាស់ប្តូររបៀបរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង។ ប៉ុន្តែប្អូនៗត្រូវចងចាំថា មេរៀនជីវិតទាំងនេះនឹងកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់តម្លៃខ្ពស់ចំពោះយោធិនកាតព្វកិច្ច ទាំងក្នុងអំឡុងពេលហ្វឹកហ្វឺន និងពេលត្រឡប់ទៅរស់នៅក្នុងជីវភាពដើមវិញ។ ក្នុងន័យនេះ, សម្ដេចធិបតីបានណែនាំដល់យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណ, គុណតម្លៃ, កិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ, ពលរដ្ឋល្អ, បុគ្គលិកល្អ, មន្ត្រីរាជការល្អ និងកងទ័ពល្អ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ៕SRP