រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត

រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត
0

រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមហ៊ុន ម៉ានី បានចុះពិនិត្យ និងតាមដានការដោះស្រាយបញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិទួលថ្មី ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យនៅរសៀលថ្ងៃនេះដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរកសិកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ព្រមទាំងមេឃុំ និងមេភូមិ។

ឯកឧត្តមហ៊ុន ម៉ានី បានបញ្ជាក់ថា បញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកនេះ ត្រូវបានលើកឡើងជាការព្រួយបារម្ភ ហើយបានលើកជាសំណើសុំអន្តរាគមន៍ ក្នុងបេសកកម្ម ៨៨ឃុំ សង្កាត់ នៅឃុំយាយអង្គ ហើយបន្ទាប់មកប្រជាពលរដ្ឋបានដាក់បណ្តឹងតាមរយៈមេភូមិ និងមេឃុំ ជុំវិញផលប៉ះពាល់ដែលបង្កឡើងដោយកសិដ្ឋាននេះ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្រែចម្ការនៅជុំវិញ និងបរិស្ថានធម្មជាតិ ជាពិសេសបញ្ហាក្លិនមិនល្អ ការបញ្ចេញសំណល់ និងទឹកកខ្វក់ ដោយគ្មានប្រព័ន្ធអាងចម្រោះត្រឹមត្រូវ។

បើកតាមឯកឧត្តមហ៊ុន ម៉ានី ក្រោយទទួលបានសំណើ ក្រុមការងារបានចុះពិនិត្យ និងរកឃើញថា ក្រៅពីផលប៉ះពាល់ជាក់ស្តែងខាងលើ កសិដ្ឋាននេះក៏បានដំណើរការអាជីវកម្មដោយមិនទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវពាក់ព័ន្ធនឹងសំណង់ បរិស្ថាន និងកសិកម្មផងដែរ។ ក្រុមការងារបានធ្វើការជាបន្តបន្ទាប់ជាមួយភាគីកសិដ្ឋាន ដោយកំណត់ឱ្យដឹកជញ្ជូនសត្វជ្រូកដែលមានចំនួនប្រមាណ ៣.៥០០ក្បាល ចេញពីកសិដ្ឋានឱ្យបានត្រឹមថ្ងៃទី១០ វិច្ឆិកា ២០២៦ នេះ។

ឯកឧត្តមរដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ខ្ញុំយល់ពីស្ថានភាព និងការលំបាកដែលកសិដ្ឋានត្រូវដោះស្រាយ ក៏ប៉ុន្តែសុខភាព សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង។

ជារួមយើងស្វាគមន៍ និងលើកទឹកចិត្តដល់រាល់ការវិនិយោគ តែការវិនិយោគនេះទៀតសោតត្រូវតែគោរពតាមច្បាប់ និងនីតិវិធីពាក់ព័ន្ធ ជាពិសេសការគាំទ្រ និងទទួលយកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសហគមន៍ និងនាំមកនូវការអភិវឌ្ឍពិតប្រាកដ៕SRP