សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប

សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប
0

សម្ដេចតេជោ ផ្ដល់អំណោយផ្ទះមួយខ្នងជូនអតីតយុទ្ធមិត្តរស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានប្រគល់ផ្ទះថ្មី ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់លោក សៀង ធឿន ដែលជាអតីតយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ឧសភា ១៩៧៨ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង និងខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូននាពេលនេះ នឹងក្លាយជាលំនៅឋានដ៏កក់ក្ដៅសម្រាប់អតីតយុទ្ធជនយើងទាំងអស់គ្នា។ ការសង់លំនៅឋាននេះឡើង គឺបានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់សម្ដេច តេជោ ហ៊ុន សែន ចំពោះសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្តថា ការសាងសង់ជូននេះ គឺស្របទៅនឹងទិសស្លោករបស់រាជរដ្ឋាភិបាលគឺ «មិនទុកប្រជាជនណាម្នាក់ចោលឡើយ» ដែលជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដើម្បីធានាបាននូវសមធម៌សង្គម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដោយរាល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ត្រូវតែមានលក្ខណៈទូលំទូលាយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ ស្ថានភាពសេដ្ឋកិច្ច ឬទីតាំងភូមិសាស្ត្រឡើយ។

លោកបន្ថែមថា ពិតណាស់ដោយនៅក្នុងសង្គមយើង គឺត្រូវដឹងគុណទៅដល់អតីតយុទ្ធជន និងនិវត្តន៍ជន ព្រោះបើគ្មានពួកគាត់ទេ ប្រទេសយើងក៏មិនបានដល់ប៉ុណ្ណឹងដែល។ ក្នុងន័យនេះ សូមផ្ដាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន ត្រូវមើលទៅលើអាទិភាពដែលត្រូវគិតគូរជួយដល់បងប្អូនទៅតាមលទ្ធភាពដែលអាចជួយទៅបាន ដោយចេញពីយើងម្នាក់បន្តិចៗក្នុងការជួយគ្នាក្នុងគ្រាដែលលំបាក។ ជាពិសេសត្រូវយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនអតីតយុទ្ធជនរបស់យើង។

អតីតយុទ្ធមិត្ត សៀង ធឿន បានគោរពថ្លែងអំណរគុណជាទីបំផុតមិនអាចបំភ្លេចបាន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជា ខេត្តសៀមរាប រួមជាមួយអាជ្ញាធរដែនដី ដែលបានសាងសង់ផ្ទះថ្មីជូនដល់រូបលោកបានរស់នៅសមរម្យនៅថ្ងៃនេះ និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ