ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប
ខេត្តសៀមរាប៖គណកម្មាធិការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណម្មាធិការលទ្ធកម្ម នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ប្រគល់ និងទទួលបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស១ខ្សែ មានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ភ្ជាប់ពីភូមិតាគួយ ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បន្ទាប់ពីបានស្ថាបនាស្ដារឡើងវិញ បានបញ្ចប់ជាស្ថាពរ។
ឯកឧត្តម អ៊ិន ចន្ថា បានមានប្រសាសន៍ថា ផ្លូវដីល្បាយគ្រួសមួយខ្សែនេះ មានប្រវែង ៥ ៣៩៦ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់២តឹក ស្ថាបនាលូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន២កន្លែង លូមូលមុខពីរចំនួន២កន្លែង លូមូលមុខមួយចំនួន៥កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ដែលផ្លូវនេះសាងសង់ស្ដារឡើងវិញ អនុវត្តដោយកងវិស្វកម្ម សម្តេចតេជោ ខេត្តសៀមរាប។
ឯកឧត្តម អ៊ិន ចន្ថា បានលើកឡើងថា ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដឹកជញ្ជូនទំនិញ ដំណាំកសិកម្មគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋនៅជនបទ ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ពោលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅកាន់តំបន់ផ្សេងៗដែលជាការខិតខំរបស់រាជរដ្ឋាភិបាល។ ការសាងសង់ផ្លូវនេះ ដោយសារអំណាចនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្ដិភាព គឺត្រូវមានផ្លូវទឹកភ្លើង ដែលជាគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ក៏សូមឱ្យចូលរួមថែរក្សាផ្លូវនេះឱ្យប្រើប្រាស់បានយូរ ហាមដឹកជញ្ជូនទំនិញធ្ងន់លើសចំនួនកំណត់ដែលធ្វើឱ្យផ្លូវងាយខូច។
សូមជម្រាបថា ក្រោយពីសាងសង់រួចរាល់រាល់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសម្ដែងការសាទរ និងសប្បាយរីករាយ ព្រោះផ្លូវមួយខ្សែនេះ ជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើផ្លូវដីគ្រួសល្បាយនេះឡើង សម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលបានបង្ហាញថារាជរដ្ឋាភិបាល បានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាទីក្រុង ឬជនបទឡើយ៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

