ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ
ខេត្តសៀមរាប៖ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រុងសៀមរាប សង្កាត់ជ្រាវ និងគ្រប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងពីគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈផ្លូវខេត្តលេខ ២៦៥F ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ឆ្នាំ២០១៦ ប៉ុន្តែនៅសល់ប្រវែង ២៥០ម៉ែត្រ ដែលមិនទាន់បានសាងសង់ដោយសារឆ្លងកាត់តួរប្រាសាទបឹង។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ផ្លូវក្រវ៉ាតក្រុង គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ជុំវិញក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង សម្រួលការដឹកជញ្ជូន និងជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពកាន់តែល្អប្រសើរ។ ចំពោះគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹងនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ ជាពិសេសក្នុងគោលដៅអភិរក្សតំបន់ប្រាសាទបុរាណ ដោយការអភិវឌ្ឍន៍ និងការអភិរក្សត្រូវតែដើរទន្ទឹមគ្នា។
លោក សែម ច័ន្ទសីហា ប្រធានការិយាល័យវាស់ស្ទង់ និងផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានសិក្សាពិនិត្យជាច្រើនលើកមកហើយ ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក្នុងនោះក្រុមការងារបានសម្រេចយកគម្រោងផ្លូវវាងខាងត្បូងប្រាសាទ ចាប់ពីចំណុចចាប់ពីគីឡូម៉ែត្រ ០៩+៨៥០ ដល់គីឡូម៉ែត្រ ១០+៥៧៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧២៥ម៉ែត្រ ទទឹងសាច់ផ្លូវ១១ម៉ែត្រ ដោយផ្លូវនេះស្ថិតក្នុងផ្លូវខេត្ត ២៦៥F។ គម្រោងនេះនិងចាប់ផ្ដើមអនុវត្តនៅពេល ចុះដោះស្រាយផលប៉ះពាល់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមតំណាងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទបឹង មានសំខាន់ជាច្រើន អាចនាំឱ្យយើងបានយល់ពីរចនាសម្ព័ន្ធសំណង់របស់ប្រាសាទ ដែលកប់ក្នុងដីអស់រយៈពេលជាយូរណាស់មកហើយ។ ទិន្នន័យទាំងនេះនឹងជួយបំពេញព័ត៌មានស្តីពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធប្រាសាទបឹងនេះឡើងវិញ ព្រមទាំងអាចឱ្យយើងមានមូលដ្ឋានក្នុងការជួសជុលលើកតម្លៃប្រាសាទបឹងទៅថ្ងៃអនាគតផង៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

