អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក

អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក
0

អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ និងទីកន្លែងស្នាក់នៅផ្សេងៗទៅឱ្យជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធនឹងបទល្មើសស្គែមអនឡាញ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់អ៊ីនធើណិតទំហំធំៗគួរឱ្យសង្ស័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

សូមជម្រាបថា អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខេត្តបាត់ដំបងត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ខណៈរដ្ឋបាលខេត្តបានបង្កើនវិធានការរដ្ឋបាលលើទីតាំងប្រមូលផ្ដុំជនបរទេសដែលជាមុខសញ្ញាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅទប់ស្កាត់ឱ្យនូវមុខសញ្ញាប្រព្រឹត្តដំណើរការឆបោកតាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕SRP