ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។ ទន្ទឹមនេះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕SRP

