មេប៉ុស្តិ៍ពពែត បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

មេប៉ុស្តិ៍ពពែត បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ
0

មេប៉ុស្តិ៍ពពែត បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា ប្រើប្រាស់អាវុធ ដោយមិនសមហេតុផល បាញ់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យបាក់ភ្លៅ ខណៈពេលជនរងគ្រោះ ទៅទារលុយពីស្ដ្រីម្នាក់ដែលត្រូវជាក្មួយរបស់លោកមេភូមិ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ
២០២៦។

ជនដៃដល់ឈ្មោះ អ៊ុន វ៉ាន់ថុល មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែតរីឯជនរងគ្រោះជាមនុស្សប្រុស នៅភូមិកើតហេតុរងរបួសធ្ងន់បាក់ភ្លៅ។

សេចក្តីរាយការណ៍បានឱ្យដើមរាំងដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទារលុយពីស្ដ្រីម្នាក់ ដែលជំពាក់លុយខ្លួនចំនួន ១៥.០០០រៀល នៅភូមិកើតហេតុខាងលើ ក្នុងនោះ ក៏មានការប្រកែកពាក្យសម្ដីរវាងអ្នកទាំង២ ហើយស្ដ្រីរូបនោះបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន។

ជាមួយគ្នានោះ លោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលព័ត៌មានបែបនេះ លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ និងបានបាញ់ជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង រួចចោទថាជនរងគ្រោះតដៃតែម្ដង។

ប្រភពបន្តថា តាមពិតទៅជនរងគ្រោះ ពុំបានតដៃជាមួយ និងលោកនាយប៉ុស្តិ៍នោះទេ ដោយការផ្ទុះអាវុធនេះ មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកហ្នឹងដី ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះរួចក៏រកលេសដោះបន្ទុកថា មកពីជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយកប៉ុស្តិ៍។

ប្រភពដដែលបន្ថែមថា ក្រោយផ្ទុះអាវុធភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល បានខលទូរស័ព្ទទៅកាន់គ្រូពេទ្យម្នាក់ ដោយថា ជួយហៅឡានពេទ្យផង អញបាញ់គេបាក់ជើងហើយលុះ១ម៉ោងក្រោយមក ទើបរថយន្តពេទ្យ មកដល់និងជួយសង្គ្រោះ។

ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដើមរាំងបានសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ប៉ុន្តែពុំមានការបកស្រាយនោះទេ ខណៈទូរស័ព្ទចូលហើយលោកមិនទទួល។

រីឯលោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប (ស្ដីទី) ក៏ពុំមានការបកស្រាយដែរ ដោយទូរស័ព្ទចូលហើយលោកមិនទទួលដូចគ្នា។

ចំណែកលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀងដើមរាំងបានព្យាយាមសុំការបំភ្លឺ តាមរយៈលេខ 012667668 ប៉ុន្តែខលមិនចូលនោះទេ។

ទោះជាយ៉ាងនេះក្ដីលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងក្នុងសភាពរដិបរដុបថា ករណីខាងលើកំពុងធ្វើនីតិវិធី និងសម្រួលគ្នាហើយ។

ក្នុងរឿងនេះ មហាជនទាមទារឱ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពពែត កុំមានការយោគយល់ឱ្យសោះ ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះបាក់ភ្លៅរួចតាំងរកលេសដោះសារបែបនេះ៕SRP