អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់
ក្នុងឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិត និងពិនិត្យទីតាំងជាក់ស្តែងសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូនដោយបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។
ឯកឧត្តមណែនាំយ៉ាងដូច្នេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រារព្ធពិធីប្រុងពលីសុំសេចក្ដីសុខដើម្បីរៀបចំ“ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦” នៅមុខរូបសំណាកលោកតាដំបងគ្រញូង។
សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។
ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេ៕SRP

