ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។
អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ.2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។
ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយ។
ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្ត។
បើតាមអាវុធហត្ថខេត្តសៀមរាប ជនសង្ស័យជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២៕SRP

