ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល» ជូនមន្រ្តី អ.ប.ព.ចំនួន៦៥ រូប
ដើម្បីស្វែងយល់បន្ថែមស្តីពីគោលការណ៍ណែនាំរួមរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់បទដ្ឋានរួមមួយ ដើម្បីចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីរួម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល នៃវដ្តថវិកា និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី ១ នៃ អ.ប.ព. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (PFMM)» ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អ.ប.ព. ចំនួន ៦៥ រូប នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ ធ្វើបទឧទ្ទេសនាមដោយ លោក ហៀង សូយ៉ារ៉ូ មន្រ្តីជំនាញជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តល់ការគាំទ្រលើដំណើរការរៀបចំសិក្ខាសាលានេះ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ខូយ លឹមហុង ឧបការី នៃ អ.ប.ព. ។
ឯកឧត្តមក៏បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺស្ថិតក្នុងរបៀបវារៈដ៏សំខាន់នៃការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក និងនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំប្រកបដោយថាមវន្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តម បានលើកឡើងនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ដែលបានលើកឡើង៖ “ ជោគជ័យការងាររបស់មន្ត្រីរាជការត្រូវឈរលើទស្សនៈ ធ្វើផង រៀនផង មានន័យថា បើគ្រាន់តែចាំអនុវត្តការងារដោយមិនមានការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលបន្ថែមទេនោះ របៀបការងារចាស់មិនអាចត្រូវបានជំនួសដោយរបៀបការងារថ្មីប្រកបដោយគុណភាពដែលឆ្លើយតបទៅនឹងការវិវត្តន៍សង្គមនាពេលបច្ចុប្បន្នបាននោះទេ ” ។
មិនតែប៉ុណ្ណោះ ឯកឧត្តម បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសនឹងក្លាយជាទុនដ៏មានសារៈសំខាន់ សម្រាប់ក្រុមការងាររៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ អ.ប.ព. ដែលកំពុងត្រូវការស្វែងយល់បន្ថែម ដើម្បីឈានទៅចងក្រង និងរៀបចំគោលការណ៍ណែនាំលម្អិតស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អង្គភាពជារួម ដោយត្រូវគោរពតាមគោលការណ៍ចម្បងមានចែងនៅក្នុងគោលការណ៍ណែនាំរួមនេះដើម្បីពង្រឹង អនុលោមភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕SRP

