អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចររាចរណ៍
ក្នុងនាមអាជ្ញាធរខេត្តសៀមរាបលោក លី សារី អភិបាលរងខេត្តបានណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវឱ្យចូលរួមគោរពច្បាប់ចររាចរណ៍ផ្លូវគោកបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
លោក លី សារី មានប្រសាសន៍ថា ចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក នាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវទាំងឡាយឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និង ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនសំដៅ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាបដែលនេះគឺជាផ្នែក មួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃ ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឲ្យទទួល បានលទ្ធផលជាវិជ្ជមាន។
លោកមានប្រសាសន៍ណែនាំបែបនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងចែកជូននូវសៀវភៅច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី បិទស្ទិកគ័រចំណាំងផ្លាតលើ យានយន្ត និងវិធានការនានាដើម្បីបញ្ចៀសពីហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុង ប្រយ័ត្ន នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

