បនល្បែងស៊ីសងបើកលេងគគ្រឹកគគ្រេង នៅក្រុងបានលុង មិនទាន់មានមន្ត្រីសមត្ថកិច្ចចុះបង្ក្រាប
ទីតាំងល្បែងស៊ីសងដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។ ករណីនេះគេនៅពុំទាន់ឃើញអាជ្ញាធរសមត្ថកិច្ចចុះទៅបង្ក្រាបនៅឡើយ។
សេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងនេះ ត្រូវបានគេរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ សំណាង រួមជាមួយដៃគូឈ្មោះ ងួន សុវណ្ណា ហៅអូនធំ ខណៈបុគ្គលម្នាក់ទៀតឈ្មោះ មេសា ត្រូវបានគេអះអាងថា ជាអ្នកជំនិតដែលរៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងទាំងមូលនៅទីតាំងនេះ ត្រូវបានគេរាយការណ៍ថា មានល្បែងជាច្រើនប្រភេទ ដូចជា យូគី អាប៉ោង និងជល់មាន់ ដីដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើន បង្កឲ្យប្រជាពលរដ្ឋនៅតំបន់នោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងស៊ីសងដ៏ធំមួយនេះ បានបើកដំណើរការលេងដោយចំហរ ចំណែកអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធហាក់រក្សាភាពស្ងប់ស្ងាត់។
ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេចំពោះព័ត៌មានដែលថាមានល្បែងស៊ីសងបែបនេះ៕SRP

