វត្តមានកូនផ្សោតទីពីរក្នុងឆ្នាំ២០២៦ ជាដង្ហើមថ្មីនៃទន្លេមេគង្គ និងក្តីសង្ឃឹមសម្រាប់ជីវៈចម្រុះសកល
ខេត្តក្រចេះ៖ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការបាត់បង់ជីវៈចម្រុះ កម្ពុជាបានបង្ហាញនូវសមិទ្ធផលដ៏អស្ចារ្យនៃការអភិរក្ស ដោយការប្រកាសពីកំណើតកូនផ្សោតទន្លេមេគង្គទីពីរក្នុងឆ្នាំ២០២៦នព។
របកគំហើញនេះមិនត្រឹមតែជាដំណឹងរីករាយសម្រាប់ប្រជាជាតិកម្ពុជានោះទេ ប៉ុន្តែគឺជាសារដ៏មានឥទ្ធិពលទៅកាន់ពិភពលោក អំពីលទ្ធភាព នៃការស្តារឡើងវិញ នូវប្រភេទសត្វ ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។
កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទី នៅចំណុចអន្លង់អន្ទង់វៀន ក្នុងតំបន់អន្លង់ផ្សោតកាំពី ខេត្តក្រចេះ។
តាមការពិនិត្យដោយផ្ទាល់ពីក្រុមអ្នកស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតកើតថ្មីនេះ មានអាយុប្រមាណពីរថ្ងៃ មានសុខភាពល្អ និងកំពុងហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន ៧ ក្បាល (រួមមានផ្សោតលេខ ៨១)ផងដែរ។
វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតសរុបក្នុងទន្លេមេគង្គកម្ពុជា កើនឡើងដល់ ១១៤ ក្បាល។ រីឯការរស់រាន និងការបន្តពូជរបស់សត្វផ្សោត គឺជា “ទែម៉ូម៉ែត្រ” វាស់វែងពីសុខភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ វត្តមានផ្សោតបញ្ជាក់ថា ទន្លេនៅតែមានតុល្យភាពមច្ឆជាតិ ដែលជាប្រភពប្រូតេអ៊ីនដ៏ចម្បង សម្រាប់ប្រជាជនរាប់លាននាក់។
ផ្សោតគឺជាមេដែកទាក់ទាញទេសចរណ៍ធម្មជាតិយ៉ាងសំខាន់ ដែលបង្កើតការងារ និងចំណូលដោយផ្ទាល់ដល់សហគមន៍មូលដ្ឋានក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ផ្សោតមេគង្គគឺជានិមិត្តរូបនៃ “រតនសម្បត្តិរស់” ដែលលើកតម្កើងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សធម្មជាតិ។
កំណើតនេះបានកើតឡើងស្របពេលដែលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ នឹងបើកកិច្ចប្រជុំដ៏សំខាន់មួយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះនឹងផ្តោតលើការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ,ការដាក់ចេញផែនការការពារ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងការជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីធានាថា “ដង្ហើមនៃទន្លេមេគង្គ” នឹងបន្តរស់រានតទៅមុខទៀត។
“កូនផ្សោតមួយក្បាលដែលកើតមក គឺជាជ័យជម្នះរបស់ធម្មជាតិលើការគម្រាមកំហែង ,ការការពារផ្សោត គឺការពារទន្លេ ការការពារទន្លេ គឺការពារជីវិតយើងទាំងអស់”៕SRP

