អាជ្ញាធរខេត្តសៀមរាប ប្រកាសគ្មានការលើកលែងអាជីវកម្ម ដែលបន្តសកម្មភាពល្មើសច្បាប់

អាជ្ញាធរខេត្តសៀមរាប ប្រកាសគ្មានការលើកលែងអាជីវកម្ម ដែលបន្តសកម្មភាពល្មើសច្បាប់
0

អាជ្ញាធរខេត្តសៀមរាប ប្រកាសគ្មានការលើកលែង
អាជីវកម្ម ដែលបន្តសកម្មភាពល្មើសច្បាប់

អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា បើម្ចាស់អាជីវកម្មនៅតែបន្តសកម្មភាពល្មើសច្បាប់តទៅទៀត នឹងត្រូវប្រឈមមុខនឹងចំណាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។

លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើ សិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែទីតាំងខាងលើ ពួកគាត់នៅបន្ដធ្វើសិប្បកម្មកែច្នៃនេះ ដោយខុសច្បាប់។ ដូច្នេះក្នុងនាមមន្រ្ដីជំនាញ ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការអនុវត្តតាមផ្លូវច្បាប់ ដោយធ្វើការរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។

អភិបាលរងខេត្តរូបនេះ ក៏បានស្នើឱ្យមានការបង្កើតសហគមន៍ ឡធ្យូងគំរូមួយ នៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលសហគមន៍នេះ នឹងតម្រូវឱ្យប្រើប្រាស់តែប្រភេទឈើ ក្នុងស្រុកដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ ឬព្រៃសហគមន៍ ដូចជា ដើមស្វាយចន្ទី ឬស្សី និងត្រឡោកដូងជាដើម។

លោក អ៊ឹង គឹមលាង ប្រកាសព្រមានបែបនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។

សូមជម្រាបដែរថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះ បានចុះត្រួតពិនិត្យជាក់ស្តែង លើទីតាំងសរុបចំនួន៨ មានសិប្បកម្មឈើ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ដោយក្រុមការងារចម្រុះបានសម្រេចដកហូតនូវឧបករណ៍ បម្រើឱ្យសកម្មភាពកែច្នៃឈើជាច្រើនរួមមាន៖ ម៉ាស៊ីនតាប ៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង និងម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ៤គ្រឿង, ម៉ាស៊ីនខ្យល់, ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។ ជាមួយគ្នានោះ ក្រុមការងារក៏បានដកហូតឈើប្រណិត និងឈើលេខ១ ចំនួន ២ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង ព្រមទាំងសរសរឈើមួយចំនួន ដែលម្ចាស់បានរត់គេចខ្លួនបាត់ទៀតផង។

ក្រៅពីការដកហូត អាជ្ញាធរខេត្តសៀមរាប បានតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់អាជីវកម្មកែច្នៃផលអនុផលព្រៃឈើជាបន្ទាន់។ ដោយឡែកចំពោះករណី ឡធ្យូង ក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ អាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផងដែរ៕SRP