ក្រសួងបរិស្ថានប្រកាសធ្វើតាមផ្លូវច្បាប់ក្រុមហ៊ុន Remstex Fashion Co., Ltd បានបញ្ចេញផ្សែងបះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់និងបច្ចេកទេសចំពោះ ក្រុមហ៊ុន Remstex Fashion Co., Ltd. នៅខេត្តតាកែវ ដែលបានបញ្ចេញផ្សែងបះពាល់ដល់បរិស្ថានការរស់នៅរបស់ប្រជាពលរដ្ឋ
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្តតាកែវ និងរដ្ឋបាលសង្កាត់រកាខ្ពស់នៃក្រុងដូនកែវ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន Remstex Fashion Co., Ltd. ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា បានបង្កបញ្ហាផ្សែងពីឡចំហាយ ប៉ះពាល់ដល់ការរស់នៅ។
ក្រសួងបរិស្ថានបានអះអាងថា បន្ទាប់មានការចុះត្រួតពិនិត្យផ្ទាល់ ក្រសូងបរិស្ថានបានដាក់ចេញវិធានការអនុវត្តបន្តចំពោះក្រុមហ៊ុន រួមមាន៖
១-បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុតសំណល់គ្រប់ប្រភេទ នៅក្នុងឡចំហាយ ចាប់ពីពេលនេះតទៅ។
២-ត្រូវរងពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
៣-ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងសំណល់ផេះ។
៤-រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន និងបង់មូលនិធិទាយជ្ជទានបរិស្ថាន ដូចបានកំណត់ក្នុងកិច្ចសន្យាការពារបរិស្ថាន ជាកំហិត៕SRP

