ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំង១៣ បន្តយកចិត្តទុកដាក់ចំពោះបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងជាពិសេសត្រូវបន្តគិតគូរដល់ក្រុមគ្រួសារយុទ្ធជនពលី កុមារកំព្រាដែលមានឪពុកជាយុទ្ធជនពលី ដោយមិនទុកពួកគាត់ចោលឡើយ។
ឯកឧត្ដម បញ្ជាក់ថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦ ប្រជាជនភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិមុខ ស្នាក់នៅក្នុងខេត្តសៀមរាប សរុបមានចំនួន ៤ ៣៣១គ្រួសារ ស្នើនឹង ១៣ ៧២០នាក់ ក្នុងនោះស្នាក់នៅតាមផ្ទះមានចំនួន ១ ៥៩៨គ្រួសារ ស្នើនឹង ៥ ១៥២នាក់ និងនៅតាមទីតាំងសុវត្ថិភាព មានចំនួន ២ ៧៣៣គ្រួសារ ស្មើនឹង ៨ ៥៦៨នាក់ ដោយប្រើប្រាស់ទីតាំងចំនួន ៤៦ទីតាំង លើ១៣១ទីតាំង។ ចំនួននេះ ជាចំនួនមួយដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវបន្តយកចិត្តទុកដាក់ ជាពិសេសការផ្គត់ផ្គង់លើស្បៀងអាហារសម្រាប់ពួកគាត់ ក្រៅពីជំនួយរបស់សប្បុរសជនដែលបានចុះផ្ដល់ជូនផ្ទាល់។
សូមជម្រាបថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២២ នាពេលនេះដែរ គឺដើម្បីពិភាក្សា និងពិនិត្យលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដូចជាសន្ដិសុខស្បៀង និងសេដ្ឋកិច្ច សង្គមកិច្ច ដែលកិច្ចប្រជុំនេះមានការចូលរួមពី លោក លី សារី អភិបាលរងខេត្ត រួមនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទាំង១៣។
កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីខែកុម្ភៈកន្លងទៅ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះក្រុមការងារទាំងអស់ ដែលបានអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ បានចេញជាលទ្ធផលល្អប្រសើរ ទោះបីជាមានការខ្វះចន្លោះបន្តិចបន្តួច នឹងធ្វើការពិភាក្សា និងកែលម្អសម្រាប់ទិសដៅការងារជាបន្តទៀត៕SRP
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

