កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams
ភ្នំពេញ៖ជនជាតិ កូរ៉េខាងត្បូងសរុប១០នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បបង្ក្រាបបទល្មើស Online Scams ចំនួនពីរករណីផ្សេងគ្នា ក្នុងនោះមួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ។
ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ទៀតផ្សេងទៀត ត្រូវបានឃាត់ខ្លួននៅបុរីពិភពថ្មី ផ្ទះលេខ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពួកគេ គឺជាក្រុមតែមួយ។
ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតថវិកាចំនួន ១៩,៧០០ដុល្លារ, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសងអនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុង ប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។
ក្នុងចំណោមជនសង្ស័យទាំង ១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកាចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបានស្ថានកុងស៊ុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គ ស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ»៕SRP

