អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗរង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ

អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗរង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ
0

អាជ្ញាធរអះអាងពីការប្រែមុខមាត់ថ្មីនាពេលឆាប់ៗ
រង្វង់មូលបន្ទាយស្រី ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ

ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រី និងបណ្ដាសហគមន៍ទេសចរណ៍ស្រុក បាននិងកំពុងរៀបចំកែលម្អឡើងវិញ រង្វង់មូលបន្ទាយស្រី ឱ្យក្លាយជាសួនកសិទេសចរណ៍ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនា និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាន។

បើតាម លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ការងាររៀបចំសួនកសិទេសចរណ៍នៅរង្វង់មូលបន្ទាយស្រី មិនត្រឹមតែដើម្បីលម្អសោភ័ណភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅទស្សនាមួយក្រៅពីប្រាសាទបន្ទាយស្រី ដែលមានការដាក់តាំងលក់នូវផលិតផលកសិកម្មក្នុងសហគមន៍ ដូចជា៖ បន្លែ ផ្លែឈើជាច្រើនប្រភេទ ជាពិសេសរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដែលសួននេះគ្រោងបញ្ចប់ក្នុងអំឡុងខែមេសា ឆ្នាំ២០២៦ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក រិន ឡូត អភិបាលស្រុក តំណាងឱ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាពិសេសឯកឧត្តមអភិបាលខេត្តសៀមរាប ដែលជានិច្ចកាលបានគិតគូរ យកចិត្តទុកដាក់ ជំរុញឱ្យមូលដ្ឋានស្រុកបន្ទាយស្រី ទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ខណៈស្រុកបន្ទាយស្រីជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប។

គួររំលឹកថា សួនកសិទេសចរណ៍នៅរង្វង់ស្រុកបន្ទាយស្រី ស្ថិតនៅលើចំណុចប្រសព្វនៃផ្លូវជាតិលេខ៦៧ សៀមរាប-អន្លង់វែង ជាមួយនឹងផ្លូវបំបែកចូលទៅកាន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន ដែលមានផ្ទៃក្រឡាជាង ២ហិកតា ជារង្វង់មូលធំជាងគេលំដាប់ទី២ នៅកម្ពុជា បន្ទាប់ពីរង្វង់មូលធំជាងគេលំដាប់ទី១ នៅខេត្តត្បូងឃ្មុំ៕SRP