ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត
ខេត្តសៀមរាប៖មានការលើកឡើងថាឃ្លាំងទឹកមានទំហុំ ១០៩៦ ហិកតា ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល បានកាន់អាជ្ញាបណ្ណចេញដោយអាជ្ញាធរខេត្តសៀមរាបមួយសន្លឹកបិតនៅពីមុខការដ្ឋានរបស់ខ្លួន ហាមអ្នកសារព័ត៌មាន មិនឲ្យចូលទៅផ្តិតយករូបភាព ព្រោះក្រុមហ៊ុននោះគេមានអាជ្ញាបណ្ណ មានសិទ្ធិការហាមឃាត់ចំពោះអ្នកគ្មានភារកិច្ច។
ប្រជាពលរដ្ឋនៅភូមិភ្នំក្រោមបានទទូចសុំឲ្យអាជ្ញាធរជំនាញចុះពិនិត្យការដ្ឋានរបស់អ្នកស្រីដា នីញ៉ែល ដែលកំពុងធ្វើអាជីវកម្មជីកស្តារយកអាចម៍ដីលក់ នៅចំណុចឃ្លាំងទឹក ស្ថិតនៅភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពួកគាត់ថា ច្បាប់អាជីវកម្មដែលចេញដោយអាជ្ញាធរខេត្តនិងមន្ត្រីជំនាញ ជម្រៅក្នុងកម្រិតណាឲ្យពិតប្រាកដ ដោយការជីកស្តារ អាងឃ្លាំងទឹករបស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានជម្រៅទៅជិត២០ម៉ែត្រ នៃបាតរណ្តៅ ជាការព្រួយបារម្ភណ៍សម្រាប់ពួកគាត់ដែលមានផ្ទះ និងស្រែភ្លឺនៅជុំវិញ អាងឃ្លាំងទឹក ដែលក្រុមហ៊ុនជីកនោះមានជម្រៅជ្រៅ ហានិភ័យខ្ពស់ចំពោះ ផ្ទះសម្បែង សត្វពាហណ: ក្មេងៗ ជាពិសេសពួកគាត់មានទូកក្តាសម្រាប់បើកអុំធ្វើនេសាទនៅរដូវទឹកឡើង ខែប្រាំងពួកគាត់ចុះដើរបេះត្រកួន និងរកក្តាមខ្យងយកមកផ្គត់ផ្គង់ក្រុមគ្រួសារ។
ចំពោះការព្រួយបារម្ភណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅភូមិភ្នំក្រោម នៃរណ្តៅដីក្រុមហ៊ុនរបស់ សម្បត្តិ ដានីញ៉ែល ធ្វើឲ្យជំនាញរក្សានៅភាពស្ងៀមស្ងាត់ សួទៅក្រុង ក្រុងចាំមន្ទីររ៉ែ សួទៅមន្ទីររ៉ែ ពី១ថ្ងៃទៅ១ថ្ងៃ ក្រុមហ៊ុននៅបន្តជីកបានដោយរលូន មិនមានការរំខានដល់ជំនាញនោះឡើយ។
នៅក្នុងសេចក្តីណែនាំរបស់របស់ក្រសួងរ៉ែ និងថាមពល ការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យរ៉ែ របស់រដ្ឋបាលក្រុងស្រុកខណ្ឌ ការផ្តល់ និងការចុះបញ្ជីអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដី រណ្តៅដី ចលតដែលមានក្រឡាផ្ទៃមិនលើសពី០.៥ហិកតា និងជម្រៅមិនលើសពី៣ម៉ែត្រ ឬប្រតិបត្តិការ បកយកអាចម៍ដីដែលមានក្រឡាផ្ទៃមិនលើសពី១ហិកតា និងជម្រៅមិនលើសពី១ម៉ែត្រ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោកលី វណ្ណៈ បានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ជាគោលការណ៍រដ្ឋបាលខេត្តចេញលិខិតអនុញ្ញាតជម្រៅត្រឹម ៥ ម៉ែត្រប៉ុណ្ណោះ ក្នុងការជីកយកដី ប្រសិនជាក្រសួងចេកជម្រៅប៉ុន្មានក៏បានដែរ។
អ្នកនោះពាក្យរដ្ឋបាលខេត្តសៀមរាបបានបន្តថាក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត មិនទាន់ដឹងថាមានលិខិតអនុញ្ញាតពីក្រសួងឬយ៉ាងណានោះទេ។
បើតាមអ្នកនាំពាក្យករណីជីកដីរបស់ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល នេះ ជំនាញរ៉ែបានចុះទៅពិនិត្យហើយ៕SRP

