ភ្នំពេញ៖ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលដ៏ធំ នៅទិសឦសាន្ត។
ការដាក់សម្ពោធនេះ គឺ ទំនប់អាងទឹកអូរតធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គម្រោងអភិវឌ្ឍន៍ ទំនប់អាងទឹកអូរ ស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្ត ការសាងសង់ អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌ ឥណទានមូលនិធិទ្រទ្រង់ថវិកា របស់ រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ ឆ្លើយតបតាមតម្រូវការ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាត ឱ្យបាន ៩៤០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្ម ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដី ផលិតកម្មកសិកម្មចំនួន ១៥០០០ ហិកតា ផងដែរ៕SRP

