មតិ៖ សំណង់ដ៏ធំមួយកន្លែងនៅក្រុងសៀមរាប សង្ស័យសាងសង់លើសច្បាប់អនុញ្ញាត

ខេត្តសៀមរាប៖រយៈពេលប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានក្នុងស្រុកមួយបានផ្សព្វផ្សាយលាតត្រដាងជាសាធារណៈ ដោយបានធ្វើការអត្ថាធិប្បាយលើកឡើងថា ទីតាំងសំណង់មួយកន្លែងនៅក្រុងសៀមរាប សង្ស័យការសាងសង់លើសច្បាប់អនុញ្ញាត។

លោកខេង ខេមរា ម្ចាស់ទូរទស្សន៍ Khemra FB TV Online បានធ្វើការអត្ថាធិប្បាយផ្ទាល់ ដោយបានជំរុញមន្ទីរជំនាញ ចុះទប់ស្កាត់ម្ចាស់ហាង លក់គ្រឿងអលង្ការ ដ៏ល្បី សង្ស័យលួចធ្វើសំណង់លើសពីច្បាប់កំណត់ ព្រោះបានបង្កធ្វើឲ្យមានហានិភ័យខ្ពស់អាចនឹងកើតមានឡើងបានគ្រប់ពេលវេលា ជាយថាហេតុ!។

នៅក្នុងសំណេររបស់លោកខេង ខេមរា បានបញ្ជាក់បន្ថែមថា ពោលគឺ ខេត្តសៀមរាបជាតំបន់ទេសចរណ៍មាស មិនគួរ មន្ទីរជំនាញបណ្តែតបណ្តោយ បិទភ្នែកអោយជនកន្ទេលធំ បន្លំដេកសាងសង់សំណង់សង្ស័យខុសច្បាប់បានស្រេចតែអំពើចិត្ត បាននោះទេ។ល។ គួរមានចំណាត់ការបន្ទាន់។ល។ ទីតាំង ស្ថិតនៅខាងជើងជាប់សណ្ឋាគារតាព្រហ្ម ផ្សារចាស់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជុំវិញការអត្ថាធិប្បាយ របស់លោក ខេង ខេមរា ពាក់ព័ន្ធទៅនឹងថាសំណង់ខាងលើសង្ស័យថាសាងសង់ដោយខុសច្បាប់ ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពី ម្ចាស់ការដ្ឋានសាងសង់ ឈ្មោះ វណ្ណ ហុង និងឈ្មោះ អ៉ឹមផាន វណ្ណឌី (ប្តី-ប្រពន្ធ) បាននៅឡើយទេរហូតដល់រសៀលថ្ងៃសៅរ៍នេះ ដោយមិនមានលេខទំនាក់ទំនង។

ជុំវិញការបើកការដ្ឋានសាងសង់សំណង់នៅក្រុងសៀមរាប មួយនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអនុញ្ញាតឲ្យបើកការដ្ឋានសាងសង់ផងដែរ។

លិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី ៤ ខែ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

នៅក្នុងលិខិតបានបញ្ជាក់ថា អនុញ្ញាតឱ្យឈ្មោះ វណ្ណ ហុង និងឈ្មោះ អ៉ឹមផាន វណ្ណឌី (ប្តី-ប្រពន្ធ) បើកការដ្ឋានសាងសង់ ហាងលក់គ្រឿងអលង្ការ ចំនួន០១អគារ កម្ពស់អតិបរមា ១៨.៥០ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី២ ជាន់ទី៣ និងដំបូលប្រក់ក្បឿង មានផ្ទៃក្រឡាសំណង់សរុប ១០៨៨ ម៉ែត្រការ៉េ នៅលើដីឡូត៍ទំហំ ២៨២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៦១៨ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ រង់ចាំការបកស្រាយពីម្ចាស់ការដ្ឋានសំណង់ខាងលើ៕SRP