នៅចុងឆ្នាំ២០២៤ ខេត្តបាត់ដំបង មានរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន

 

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបង ក៏មានរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនដូចជាព្រឹត្តិការណ៍ កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ដែលប្រារព្ធធ្វើឡើងក្នុងខេត្តបាត់ដំបង នាពេលខាងមុខ នេះព្រមទាំង ពិធីបុណ្យ ឆ្លងឆ្នាំសកល ២០២៤-២០២៥ និងតាំងពិរព័រណ៍ម្ហូបអាហារ ក្នុងន័យដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា ខេត្តបាត់ដំបងកាន់តែច្រើន បង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីមុខម្ហូបដ៏សម្បូរបែប របស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាស ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកសុខ លូ ក៏បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សា សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ។

អភិបាលខេត្តបាត់ដំបង ក៏បានប្រជុំពិភាក្សា និងណែនាំនូវការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តត្រៀម រៀបចំជាបន្តបន្ទាប់ ដើម្បីឱ្យការអនុវត្តមានភាពរលូនល្អប្រសើរ ដែលប្រជុំពិភាក្សាលើការងារ រៀបចំវេទិកា រាជរដ្ឋាភិបាល និងការរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមរាជវរោកាស នៃព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិគម្រប់ ២០ ព្រះវស្សាដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២៤ និងពិធីបុណ្យអកអំបុក (ដាល់អំបុក) សំពះព្រះខែ ក៏មានការត្រៀមនឹងរៀបចំប្រារព្ធឡើងផងដែរ ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងបង្កភាពសប្បាយរីករាយ ដល់ ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ៕SRP