ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យស្រាវជ្រាវ ករណីតែងតាំងមេប៉ុស្តិ៍ហាក់បីមិនប្រក្រតី។
តាមរយៈទំពកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖
ក្រោយពីបានទទួលព័ត៌មាន តាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំង បុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។
សម្ដេចនាយករដ្ឋមន្ត្រី បន្តថាខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃ ឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈ របស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ៕

