ភ្នំពេញ៖ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា បានអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយ សម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ។
ការអញ្ជើញធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង សម្តេច ហ៊ុន ម៉ាណែត និង ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស។
នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ
នាល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរ ជូនចំពោះ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថា ជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។
សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើម ឱ្យមានជំនួបតាមទូរស័ព្ទ, ការអបអរសាទរ និងបានជម្រាបជូន ឯកឧត្តម ប្រធានាធិបតី ផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះ ជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជា ជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យ ដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខា រួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

