រដ្ឋមន្ត្រី ស សុខា៖ ការផ្ទេរកម្មសិទ្ធិ ពីឪពុកម្តាយ មកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់

0

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានលើកឡើងថានឹងមានការស្នើសុំទៅ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួល ការផ្ទេរកម្មសិទ្ធិ ពីឪពុកម្តាយមកកូន តាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្តទៀតថា ការស្នើសុំនេះ ឯកឧត្តម សាយ សំអាល ក៏បានឯកភាព ដើម្បីធ្វើការងារនេះ ឱ្យបានលឿនហើយដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ប្រទេសនៅក្នុងពិភពលោក កំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូច្នេះ ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា នៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសឌីជីថល ដោយយើងត្រូវការប្រើកត្តាពីរសំខាន់៖ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល។ រដ្ឋមន្ត្រីបានថ្លែងទៀតថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាព សម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្ដម ស សុខា ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តសៀមរាប ថ្មី ត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយ នូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះ ឈ្នះទាំងអស់គ្នាជាគោល។

ក្នុងពេលដែលចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានប្តេជ្ញាថា នឹងខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃ ក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័នទាំងអស់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាប ទាំងមូលឱ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថាពិធីប្រកាស ឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៅរដ្ឋបាលខេត្តសៀមរាបថ្ងៃម្សិលមិញ៕