ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ ឆម ប៊ុននុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងទីលំនៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានចាប់ខ្លួន ដោយពលរដ្ឋករណីឆក់កាបូប។
ការឆក់នេះនៅថ្ងៃទី២១ ខែសីហាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុង ជិតសណ្ឋាគារសម្ដេចជាស៊ីម ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ជនសង្ស័យរូបនេះ បានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ គ្មានផ្លាកលេខ ធ្វើសកម្មភាពឈប់ពីមុខម៉ូតូ របស់ជនរងគ្រោះ ហើយយកដៃខាងឆ្វេងឆក់កាបូបស្ពាយពណ៌ទឹកដោះគោម៉ាកL.D ដោយក្នុងកាបូប មានប្រាក់ខ្មែរចំនួន៦៨០០០រៀល,ប្រាក់ដុល្លារចំនួន៣០ដុល្លារ។
ជនរងគ្រោះ មានឈ្មោះ នី ស៊ីណាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។
ប្រជាពលរដ្ឋបានរាយការណ៍ថា ក្រោយពីធ្វើសកម្មភាព ហើយ ជនសង្ស័យ បានបើកម៉ូតូព្យាយាមរត់គេច ក៏ទៅបុក និងរ៉ឺម៉កបណ្តាលអោយដួល ហើយក៏ត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ ឃាត់បាន និងបានរាយការណ៍មកសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងបាននាំខ្លួនរួមជាមួយវត្ថុតាង កាបូបជនរងគ្រោះ យកមកសាសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់កាបូប ជនរងគ្រោះពិតមែន។ វត្ថុតាងដកហូតម៉ូតូ១គ្រឿង។ បច្ចុប្បន្ននគរបាលកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

