ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍ ខេត្តសៀមរាប តាមរយៈវិស័យទេសចរណ៍

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ លោក ប្រាក់ សោភ័ណ​ អភិបាលខេត្តស្តីទី និងប្តេជ្ញា បន្តជួយគាំទ្រដល់ការអភិវឌ្ឍ ខេត្តសៀមរាប តាមរយៈវិស័យទេសចរណ៍ ជាពិសេសគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាៗ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានៅថ្ងៃអង្គារនេះ ក្នុងឱកាស ដែលបានអញ្ជើញមកបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប។

លោកប្រាក់ សោភ័ណ​ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ​ និងអបអរសាទរ ចំពោះវត្តមាន​ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប ដោយមានការអញ្ជេីញ ចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​ លោក​ នាយកទីចាត់ការផែនការ​ និងវិនិយោគខេត្ត​ ព្រមទាំងអ្នកពាក់ព័ន្ធនាៗផងដែរ។

លោកប្រាក់ សោភ័ណ​ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដល់ប្រទេសចកម្ពុជា ក៏ដូចជាខេត្តសៀមរាប ផ្ទាល់លើវិស័យមួយចំនួនដូចជា​ វិស័យសេដ្ឋកិច្ច អប់រំ​ វប្បធម៌ និងការជួសជុល ប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ។ល។

នៅក្នុងជំនួប អភិបាលខេត្តស្តីទី​ បានបញ្ជាក់អំពីផលប៉ះពាល់ នានា ដោយសារ Covid-19 ហេីយខេត្តក៏មានផែនការស្តារ និងអភិវឌ្ឍ ខេត្តសៀមរាប ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​ ការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ការកសាងអាកាសយានដ្ឋាថ្មី ផែនការអភិវឌ្ឍ វិស័យកសិកម្ម និងទេសចរណ៍ជាដើម៕ដោយនាគខៀវ