ខេត្តសៀមរាប៖ផ្ទះមួយខ្នងនៅក្រុងសៀមរាប ត្រូវបាន
អគ្គិភ័យលេបត្របាក់ទាំងស្រុង ខណ:ឡានទឹកចូលអត់រួចស្ទះផ្លូវ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចក្រុមទី០២ ភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះមានឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ២៨ឆ្នាំ។
អគ្គិភ័យនេះ បានបណ្ដាលឲ្យមានការខូចខាតផ្ទះធ្វេីអំពីថ្ម ប្រក់ស័ង្កសី ១ខ្នង ទាំងស្រុង សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងផ្ទះ សរុបទាំងអស់ប្រហែល១ម៉ឺនដុល្លារ។
សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍នេះ ការចុះចុះជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យ នេះ កម្លាំងសមត្ថកិច្ចនគរបាលបានប្រេីប្រាស់ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៣ គ្រឿង។
បើតាមសមត្ថកិច្ចករណី បណ្ដាលមកពីម្ចាស់ផ្ទះមានការធ្វេសប្រហែស ធ្វើឲ្យផ្ទុះកំប៉ុងហ្គាសតូចក្នុងផ្ទះបង្កជាអគ្គិភ័យ។
ជាមួយគ្នានេះដែរ កម្លាំងនគរបាល បង្កាពន្លត់ អគ្គីភ័យ សំណូមពរដល់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ រាល់ផ្លូវថ្នល់ នៅតាម មូលដ្ឋាន សូមកុំដាក់របាំងបង្គោលការពារ កុំឲ្យរថយន្តធំចូលនោះ គឺជាវិធានការការពារថែទាំផ្លូវ ប្រើប្រាស់បានយូរអង្វែង តែ ដល់មានករណីគ្រោះមហន្តរាយ ណាមួយកើតឡើង ជាស្តែងដូចថ្ងៃនេះស្រាប់ ធ្វើឲ្យមានការរាំងស្ទះ ដល់ការចុះអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គីភ័យ មិនបានទាន់ពេលវេលា ដែលធ្វើឲ្យអន្តរាយ ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕

