នៅសៀមរាប បច្ចុប្បន្ន អាជីវកម្មវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ បើកដំណើរការបានជិត៧០ភាគរយ

បច្ចុប្បន្ននេះ អាជីវកម្មវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ក៏មិនទាន់បើកដំណើរការមួយរយភាគរយនៅឡើយទេ ពោលបានប្រមាណ៦០ ទៅ៧០ភាគរយប៉ុណ្ណោះ ដូច្នេះសមាគមបង្កើតការជួបជុំគ្នា នៅពេលនេះ ដើម្បីចែករំលែកអំពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកគន្លឹះនៅក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅខេត្តសៀមរាបបានច្រើន។

កិច្ចពិភាក្សាគ្នារកវិធីសាស្ដ្រធ្វើយ៉ាងណា ឱ្យភ្ញៀវទេសចរអន្ដរជាតិ មកទស្សនាខេត្ដសៀមរាប ឱ្យកាន់តែច្រើន នៅនៅសណ្ឋាគារម៉េម័រផាឡេស នៅក្រុងសៀមរាប ម្សិលមិញ លោក សែត កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានអះអាងថា៖ វិបត្តិជំងឺកូវីដ-១៩ បានធ្វេីឱ្យវិស័យទេសចរណ៍ រងគ្រោះធ្ងន់ធ្ងរ ជាងគេរហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរបរទេសមកកម្សាន្តនៅខេត្តសៀមរាប មានការធ្លាក់ចុះ ដែលអាចជួយឱ្យវិស័យមួយនេះ មិនមានភាពប្រសើរនៅឡើយទេ ខណៈដែលប្រទេសជិតខាង មានភ្ញៀវទេសចរទៅកំសាន្ដច្រើនជាងប្រទេសកម្ពុជា។

លោកបានបន្ដថា បច្ចុប្បន្នភ្ញៀវទេសចរ នៅអាស៊ីមិនទាន់ឃើញវត្ដមានច្រើន ចូលមកទស្សនានៅខេត្ដសៀមរាប ប៉ុន្ដែនៅពេលព្រលានយន្ដហោះអន្ដរជាតិសៀមអង្គរ នឹងបើកដំណើរហើយនោះ នឹងអាចមានភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាប បានច្រើន ព្រោះការហោះហើរមានភាពធំទូលាយ។

បើតាមលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុប្បន្ននេះភ្ញៀវទេសចរដែលមកកម្សាន្ត នៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប នៅមានចំនួនតិច និងមានរយៈពេលខ្លីទៀតផង។ ដូច្នេះទាំងវិស័យឯកជន និងរដ្ឋបាលខេត្តត្រូវលើកបញ្ហាទាំងឡាយ មកដាក់នៅលើតុ ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ ដែលក្នុងនោះសមាគមក្លឹបទេសចរណ៍សៀមរាប ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសហការជាមួយស្ថាប័នផ្សេងៗ ក្នុងការបង្កើតបរិយាកាសល្អប្រសើរ រវាងផ្នែករដ្ឋ និងឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ការពារផលប្រយោជន៍ ដល់ប្រតិបត្តិករក្នុងខេត្ត បង្កើតសកម្មភាពនានា ដើម្បីជួយជម្រុញទេសចរណ៌ក្នុងស្រុក​ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាប ឱ្យបានច្រើន។

លោកយុន លីនណេ បានបន្តទៀតថា ពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប ដើរតួនាទីយ៉ាងសំខាន់ ក្នុងគម្រោង SMART-CITY ហើយខេត្តសៀមរាបក៏នឹងក្លាយជាគំរូ ទីក្រុងឆ្លាតវៃសម្រាប់ទីក្រុងផ្សេងទៀតផងដែរ ជាមួយគ្នានោះ សមាគមក្លឹបទេសចរណ៍បានចាត់ទុកថាជាដៃគូសាធារណៈ និង ឯកជនជាមួយរដ្ឋបាលខេត្តសៀមរាប លើកិច្ចការអភិវឌ្ឍទេសចរណ៍ ការជួយសម្រួលនិងពន្លឿន ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដែលផ្តល់ផលវិជ្ជមាន ដល់កំណើនទេសចរណ៍ស្របតាមគោលនយោបាយ រដ្ឋាភិបាល ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពល។ ម៉្យាងទៀតខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និង មានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្តទៀតផង។ កត្តាសក្តានុពលនេះ យើងត្រូវសួរថា តើយើងធ្វើអ្វីបាននៅក្នុងការពន្យាពេលស្នាក់ នៅរបស់ភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា។ សម្រាប់រដ្ឋបានខេត្តសៀមរាប បានសម្រេចរំលាយចោលនូវរបាំងនានា មួយចំនួន ដែលរាំងស្ទះដល់វិស័យទេសចរណ៍ ដែលការសម្រេចនេះស្របតាមគោលនយោបាយទេសចរណ៍ថ្មី ក្រោយវិបត្តិកូវីដ-១៩ នៅកម្ពុជា៕ដោយនាគខៀវ