ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទីស្ថិតនៅ ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍របស់សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាករណីនេះម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ក្រក ដូង ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ប៉យ អ៊ន់ អាយុ៥៨ឆ្នាំ ជាកសិករ មានកូនចំនួន២នាក់ (ប្រុស១នាក់) និងចៅចំនួន ២នាក់ (ប្រុស២នាក់) ដែលគ្រួសារម្ចាស់ផ្ទះបានចំណាកស្រុកទៅស្នាក់នៅធ្វើការដកដំឡូងនៅព្រំដែនខ្មែរ-ថៃ។
សមត្ថកិច្ចបានបន្តថាហេតុការណ៍នេះបណ្ដាលឲ្យខូចខាត ឆេះអស់ផ្ទះ១ខ្នងទាំងស្រុង ផ្ទះទំហំ ៧.ម៉គុណនឹង ៧.ម៉ សរសរកម្ពស់១.ម៉ (ផ្ទះកម្ពស់ពីដី ៦.ម៉) ក្រាលក្តារជញ្ជាំងស្លឹកដំបូលស័ង្កសី និងលើផ្ទះមានបាយសីអាសន:(គ្រូបារមី) និងមានរៀបចំដាក់ខ្សែភ្លើងញ៉ាក់ បើកភ្លើងញាក់ជាប្រចាំ។
សមត្ថកិច្ចបានបន្តទៀតថាករណីនេះឆេះខូចខាតទ្រព្យសម្បត្តិ រួមមាន៖ ទូរទឹកកក១ (ទំហំ០.៥ម៉ × ១.២០ម៉ , ទូរដាក់សំលៀកបំពាក់១ (ទំហំកំពស់ ២ម៉-បណ្តោយ ២ម៉) និងសំលៀកបំពាក់ក្នុងទូ, និងឯកសារសៀវភៅ(ក៤) សៀវភៅស្នាក់នៅ(ក២) សំបុត្រកំណើតផងដែរ។
សមត្ថកិច្ចបានស្រង់សម្ដីបំភ្លឺឈ្មោះ ផើង ភាត់ ភេទប្រុសអាយុ៤១ឆ្នាំជាអ្នកជិតខាង គាត់បានឃើញហេតុការណ៍ ភ្លើងឆេះមុនគេ គឺ ភ្លើងចាប់ផ្ដើមឆេះនៅចំណុចអាសន: បន្តឆេះរាលពេញផ្ទះ គាត់បានហៅបងប្អូនជួយពន្លត់ភ្លើង ដែរ ប៉ុន្តែផ្ទះជញ្ជាំងស្លឹកភ្លើងឆេះខ្លាំងលឿមិនអាចពន្លត់ទាន់។ របាយការណ៍របស់សមត្ថកិច្ចសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕SRP