សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាគំរាមកំហែងសម្លាប់និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ (ហិង្សានៅក្នុងគ្រួសារ)។
សមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១១ ព្រឹក ក្នុងភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបន្តថា ជនសង្ស័យ មានឈ្មោះ ជៀប ប៉ាណាប៉ាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយកកាំបិតតាំងតោដេញកាប់ម្តាយបង្កើត របស់ខ្លួនឈ្មោះ ប្រាក់ សន អាយុ៨៨ឆ្នាំ មុខរបរកសិករ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យរងរបួសនោះទេ ដោយម្ដាយរត់គេចខ្លួនរួច។ ប៉ុន្តែជនសង្ស័យ ក៏បានយកកាំបិតប័ុងតោ កាប់ជញ្ចាំងផ្ទះ វាយពាង និងយកខោអាវម្តាយដុតអស់ផងដែរ។
បើតាមសមត្ថកិច្ច មូលហេតុ សុំលុយម្ដាយយកទៅទិញថ្នាំញៀនជក់តែគាត់មិនអោយ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ