កម្ពុជា-ចិន ប្តេជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

កម្ពុជា-ចិន ប្តេជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត និង លោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផល ដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅ កិច្ចសហប្រតិបត្តិការ ទៅលើវិស័យថ្មីៗ បន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។ លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នា ទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ។

ការប្តេជ្ញា បែបនេះ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ភ្នំពេញ ក្នុងឱកាសលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង លោក វ៉ាង យី សមាជិកការិយាល័យ នយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ, លោក វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធ ជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែ របស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។ លោកបណ្ឌិត ក៏បានឆ្លើយតបទៅនឹងការអញ្ជើញរបស់ភាគីមិត្តចិន ទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាល ខែតុលា ឆ្នាំ២០២៣ ខាងមុខ ផងដែរ៕ដោយនាគខៀវ