កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនជាតិចិន២នាក់ នៅចំណុចម្តុំពយកំពេញចាស់ ក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ សង្ស័យជាករណីចាប់ជម្រិតបុរសជនជាតិ ចិន១នាក់ ចូលក្នុងរថយន្តនៅព្រឹកថ្ងៃអាទិត្យនេះ។
ប្រភពបានរាយការណ៍ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានធ្វើការជិះដេញតាមរថយន្ត របស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយ៍ប្រេងសូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋ កំពុងបើកបរបណ្តាលអោយរងរបួសបុរសម្នាក់ជនជាតិខ្មែរ។ បន្ទាប់មកទៀតរថយន្តរបស់ជនសង្ស័យ បានបន្តបើករត់គេចខ្លួនរហូតដល់ចំណុចមុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបន្តបុករថយន្ត ម៉ាក Lexus 570 ពណ៌ស១គ្រឿងទៀត បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។ ភ្លាមៗ នោះជនសង្ស័យ២នាក់ បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមានម្នាក់សៀតអាវុធខ្លី១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀត ក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ដែលមានអាវុធខ្លី។
សមត្ថកិច្ចបានបន្តថា ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួច មកដេញចាក់សមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចបានធ្វើការផ្ទុះអាវុធ២គ្រាប់ ទៅលើដីដើម្បី គំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេង ទើបចាប់ខ្លួនបាននិងនាំទៅព្យាបាលនៅមន្ទីរពេទ្យ។
ចំណែកជនជាតិចិន ជាជនរងគ្រោះ ក្នុងអំពើចាប់ជំរិតត្រូវបាន ជនសង្ស័យចាប់ អារក (រងរបួសកធ្ងន់ធ្ងរ) កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។
បើតាមសមត្ថកិច្ចកម្លាំងជំនាញ ចាប់បានជនសង្ស័យ នៃអំពើចាប់ជម្រិតទារប្រាក់ បាន ២ នាក់ភ្លាមៗ ក្រោយកើតហេតុ បានប៉ុន្មាននាទី នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖
-រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១មាន ៣គ្រាប់)។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)
-កូនកាំបិតចុងស្រួច ០១ដើម។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ ២គ្រឿង។
-លិខិតឆ្លងដែន ២ក្បាល។
-កាតរឹង ២សន្លឹក។
-កាបូបក្រវាត់ចង្កេះ ១។
-នាឡិកាដៃ ២គ្រឿង។
-ខ្សែ ១ខ្សែ។
បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕